វិស័យបាល់ទះកំពុងមានការចាប់អារម្មណ៍ខ្លាំង ស្របពេលស្មាត់ធំៗនៅស្រុកខ្មែរមានមិនច្រើនឡើយ។ យ៉ាងណាមិញលោក សោម ចំណាប់ ឬត្រូវបានគេស្គាល់ថា ស្ដេចបាល់ទះឆ្នាំ២០០៧-២០០៨ និងជាគ្រូបង្វឹកបាល់ទះឆ្នេរខ្សាច់បច្ចុប្បន្នបានជ្រើសរើសកីឡាករ៤រូបនេះ ដែលលោកមើលឃើញថា ល្អបំផុតក្នុងវិស័យបាល់ទះបច្ចុប្បន្ន ដែលអាចលេងទៅតាមទីតាំងរបស់ពួកគេ។
អតីតកីឡាករបាល់ទះដ៏ល្អរូបនេះបានឲ្យដឹងថា ចំពោះស្ដាំលោករើសយក ក្ដូ (កងពល) កណ្ដាលលោកយក វ៉ា (អង្គរក្ស ) ឆ្វេងលោកយក ឌូក និងអ្នកលើកលោកយកអធិរាជប្រអប់ រាជ ។ លោកបញ្ជាក់ថា ៤ នេះ រាជ អាចលើកក៏បានឡើងស្មាត់ក៏បាន ស្របពេល វ៉ា ដេញកណ្ដាលល្អ បាំងក៏ល្អ។
អតីតកីឡាករដែលធ្លាប់ឈ្នះមេដាយសំរឹទ្ធពីស៊ីហ្គេមផ្នែកបាល់ទះឆ្នេរខ្សាច់រូបនេះបន្ថែមថា ស្រុកខ្មែរមានអ្នកល្អៗមិនច្រើនទេ ហើយសមត្ថភាពក៏មិនខុសគ្នាច្រើនដែរក្នុងនោះអាចមានដូចជា សុវណ្ណនាថ ម៉ាប់ឆ្វេង រ៉ា (អង្គរក្ស) ធារិទ្ធជាដើម។ ពោលគឺប្រហាក់ប្រហែលគ្នា ប៉ុន្តែបើសិនជាអាចមានជម្រើសលោកគិតថា ៤ ខាងលើគ្រាន់បើជាងគេបន្តិច។
ជាមួយគ្នានោះលោក សំណាង ណារ៉ុង ដែលត្រូវបានគេស្គាល់ថា Mr ស្រួច អ្នក Live បាល់ទះនៅលើ Page MS 168 Sport បានលើកឡើងជុំវិញរឿងនេះថា លោកមើលឃើញ ស្រុកខ្មែរកីឡាករប្រហាក់ប្រហែលគ្នាផ្នែកបាល់ទះនេះ តែក៏មានមិនច្រើនដែរ។ ដូច្នេះបើឲ្យលោករើស៤ នាក់ដែលល្អបំផុតក្នុងពេលបច្ចុប្បន្នគឺពិបាករើសបន្តិច។ លោកគិតថា ទុកឲ្យប្រិយមិត្តជាអ្នករើសទៅចុះ៕