ព្រះសីហនុ ៖ ក្រោយពីការស្នើសុំ របស់រដ្ឋបាលខេត្តព្រះសីហនុ ទៅកាន់លោកនាយកក្រុមហ៊ុនកោះពស់ ដើម្បី បើកចរាចរជាសាធារណៈ លើស្ពានកោះពស់ សម្រាប់សាធារណៈជនចេញចូលនោះ ឥឡូវនេះពលរដ្ឋទូទៅ ជាពិសេស ភ្ញៀវទេសចរណ៍ទាំងជាតិ និងអន្តរជាតិ បានធ្វើដំណើរកម្សាន្ត នៅលើស្ពានមួយនេះ យ៉ាងសប្បាយរីករាយ ។
សូមជម្រាបថា យោងតាមសេចក្ដីជូនដំណឹង របស់រដ្ឋបាលខេត្តព្រះសីហនុ ចុះថ្ងៃទី១០ ខែសីហា ឆ្នាំ២០២០ បានជម្រាបមកលោកនាយកក្រុមហ៊ុនកោះពស់ ( ខេមបូឌា) អីនវែសមិន គ្រុបខូអិលធីឌី បានស្នើឱ្យបើកចរាចរជាសាធារណៈ លើស្ពានកោះពស់សម្រាប់សាធារណៈជនចេញចូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។
ក្នុងសេចក្ដីជូនដំណឹងនោះបង្ហាញថា ស្ពានកោះពស់ បានបិទច្រកទ្វារ មិនអនុញ្ញាតឱ្យ ប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់ អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលធ្វើឱ្យសាធារណៈជន មានការថ្នាំងថ្នាក់ និងការមិនពេញចិត្ត មកលើរដ្ឋបាលខេត្ត ។ ហេតុដូចនេះ ដើម្បីឆ្លើយតប ទៅនិងតម្រូវការរបស់ប្រជាពលរដ្ឋ និងបង្កើនតំបន់ទេសចរណ៍ឱ្យ បានច្រើន សម្រាប់ទាក់ទាញភ្ញៀវទេចរណ៍ មកខេត្តព្រះសីហនុ ឱ្យបានច្រើនកុះករ ទើបរដ្ឋបាលខេត្ត ស្នើដល់លោកនាយក បើកចរាចរជាសាធារណៈ លើស្ពានកោះពស់ សម្រាប់សាធារណៈជនចេញចូល ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។ សេចក្ដីលម្អិត សូមអានសេចក្ដីជូនដំណឹង នៅខាងក្រោម ៕