ខេត្តកណ្ដាល ៖ ក្មេងប្រុសម្នាក់បានស្លាប់ និងក្មេងពីរនាក់ទៀតរងរបួសស្រាល បង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារ និងអ្នកភូមិ នាំគ្នាប្រញាប់ ប្រញាលជួយសង្គ្រោះ ដឹកមកកាន់មន្ទីរពេទ្យ បន្ទាប់ពីនាំគ្នាលេខមុខផ្ទះ ហើយចាប់ទ្វាររបងដែករុញ ស្រាប់តែចៃដន្យអាក្រក់ដួលរលំ សង្កត់ នៅវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។
បើតាមសមត្ថកិច្ចនគរបាលស្រុក បានឲ្យដឹងថា ក្មេងប្រុសដែលស្លាប់ មានឈ្មោះ រុន ចំរុង អាយុ០៩ឆ្នាំ មានទីលំនៅភូមិព្រែកតូច ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល ។ ចំណែកក្មេង២នាក់ទៀតមានឈ្មោះ ភារ៉ា និងឆៃរ៉ាត់ អាយុ១០ឆ្នាំ ត្រូវចំជើងឆ្វេងរបួសស្រាល ។
សមត្ថកិច្ចស្រុកលើកដែក ឲ្យដឹងទៀតថា ក្មេងប្រុសរងគ្រោះ និងគ្នីគ្នា៤ទៅ៥នាក់ បាននាំគ្នាមកលេងនៅក្នុងដីឡូរ៍ របស់ជីតា នៅមុខផ្ទះឈ្មោះ ឆោម ឈាង ភេទប្រុស អាយុ៥១ឆ្នាំ និងប្រពន្ធឈ្មោះ យាវ គី អាយុ៥០ឆ្នាំ នៅភូមិ-ឃុំខាងលើ ។ បន្ទាប់មកនាំគ្នាលេងរុញទ្វាររបង ទៅមកៗ ស្រាប់តែធ្វើឲ្យផុតគន្លឹះខ្ទាស់ទ្វាររបូត បណ្ដាលឲ្យរលំទ្វារដែកសង្កត់ពីលើក្មេងប្រុសម្នាក់ឈ្មោះ រុន ចំរុង (ស្លាប់) និងពីរនាក់ទៀត រងរបួសស្រាល ។
ក្រោយពីទទួល ព័ត៌មានសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ ពិនិត្យឃើញថា ក្មេងរងគ្រោះពិតជាស្លាប់ដោយរលំទ្វារសង្កត់ពិតប្រាកដមែន។ យ៉ាងណា ឪពុកម្ដាយក្មេងរងគ្រោះ សំណូមពរដល់សមត្ថកិច្ចជំនាញមិនបាច់ធ្វើការពិនិត្យលើសាកសពកូនរបស់ខ្លួនទេ ហើយសុំយកសពធ្វើបុណ្យតាមប្រពៃណី ៕