(ភ្នំពេញ)៖ សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ នេះ បានរៀបចំកម្មវិធីពិសេសមួយ ដើម្បីអបអរសាទរវីរកីឡាការិនី កែ ឡេង ម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
ការប្រកាសរៀបចំកម្មវិធីនេះឡើង បន្ទាប់ពីកីឡាការិនី កែ ឡេង បានប្រកាសចូលនិវត្ដន៍ពីអាជីពកីឡាការិនីប៉េតង់កាលពីថ្មីៗ។ ក្នុងនោះសហព័ន្ធក៏នឹងអញ្ជើញគ្រូបង្វឹក គ្រូជំនួយ និងកីឡាករ-កីឡាការិនី ដើម្បីចូលរួមអបអរសាទរ ចំពោះការលះបង់កម្លាំងកាយចិត្តកន្លងមករបស់លោកស្រី ដើម្បីប្រកួតប្រជែង និងដណ្ដើមមេដាយលើឆាកអន្ដរជាតិ ជូនប្រទេសកម្ពុជាដ៏ច្រើនផងដែរ។
បើតាមការបញ្ជាក់របស់មន្ដ្រីសហព័ន្ធ ក្នុងឱកាសដ៏ពិសេសនោះ នឹងមានការប្រគល់លិខិតថ្លែងអំណរគុណ ការបំពាក់មេដាយកិត្តិយស និងប្រគល់ពានកិត្តិយស ដល់វីរកីឡាការិនី កែ ឡេង ដែលជាម្ចាស់មេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នា ព្រមទាំងការមានមតិសំណេះសំណាលពីសំណាក់លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាទៀតផង។
សូមរំឮកថា លោកស្រី កែ ឡេង បានផ្ដើមលេងកីឡាប៉េតង់ដំបូង នៅឆ្នាំ១៩៩៣ ហើយរយៈពេលជិត ៣០ឆ្នាំមកនេះ លោកស្រីបានសាងស្នាដៃជូនជាតិជាច្រើន តាមរយៈការដណ្ដើមមេដាយមាស ប្រាក់ និងសំរឹទ្ធ ដ៏ច្រើនស្ទើររាប់ភ្លេច ពិសេសសមិទ្ធផលដ៏ធំជាងគេ គឺការដណ្ដើមបានមេដាយមាសពិភពលោក ៤ជំនាន់ជាប់ៗគ្នាលើវិញ្ញាសាវាយយកពិន្ទុ កាលពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលជាកំណត់ត្រាពិភពលោក ត្បិតមិនទាន់មានកីឡាការិនីអន្ដរជាតិណាម្នាក់ធ្វើបានឡើយ៕