នាព្រឹកថ្ងៃទី១២ ខែកក្កដានេះ ក្រសួងសុខាភិបាល បានចេញសេចក្ដីជូនព័ត៌មាន ពីការរកឃើញករណីថ្មីនៃវីរុសកូវីដ១៩ ចំនួន ១៥នាក់បន្ថែមទៀត។ ១៥នាក់ថ្មីនេះ ជាអ្នកធ្វើដំណើរមកពីប្រទេសអារ៉ាប៊ីសាអូឌីត បន្តជើងហោះហើរពីប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០។
ក្រៅពី ១៥នាក់ដែលវិជ្ជមាន អ្នករួមដំណើរ ៧៩នាក់ទៀត ដែលអវិជ្ជមាន កំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែក ចំនួន ១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កជម្ពូវ័ន្ត រាជធានីភ្នំពេញ។ សូមបញ្ជាក់ថា ជើងហោះហើរនោះ មានអ្នកដំណើរ ៩៤នាក់ ក្នុងនោះមាន ៨០នាក់ ជាអ្នកដំណើរដែលមកពីអារ៉ាប៊ីសាអូឌីត។
គិតត្រឹមព្រឹកថ្ងៃទី១២ ខែកក្កដានេះ កម្ពុជា រកឃើញករណីវិជ្ជមានកូវីដ១៩ សរុបចំនួន ១៥៦នាក់ ក្នុងនោះ ១៣៣នាក់បានជាសះស្បើយ និង ២៣នាក់ទៀត កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យរដ្ឋ ចំនួន២ គឺមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ។