ហុង ផេង បានលេងជាលើកដំបូង តទល់នឹងក្រុមភ្ញៀវសូលទីឡូអង្គរកាលពីថ្ងៃសៅរ៍កន្លងទៅ ដោយគេជួយឱ្យបឹងកេតយកឈ្នះ ៣-០។ ក្នុងជំនួបនេះហុងផេងថា គេគ្មានអារម្មណ៍ភ័យទេ មានស្មារតី និងការគ្រប់គ្រងបាល់ល្អ ខណៈកម្លាំងនៅពេញល្អ បើទោះសម្រាកយូរបន្តិចមែន។
អតីតខ្សែការពារជម្រើសជាតិ ហុង ផេង បន្តបែបនេះ ៖«ដោយសារខ្ញុំមានបទពិសោធន៍ខ្ញុំអត់ភ័យទេ បើកម្លាំងខ្ញុំពេញ១០០% ប៉ុន្តែឥឡូវរៀងចាស់បន្តិចហើយ»។
ការបង្ហាញខ្លួនជាថ្មីនេះ ខ្សែការពារសំបូរបទពិសោធន៍ ហុង ផេង ទទួលបានការទុកចិត្តធ្វើជាប្រធានក្រុម ពីលោកគ្រូបង្គោលបណ្ដោះអាសន្ន គីម ភក្ដី។
ខ្សែការពារវ័យ៣១ឆ្នាំ ហុង ផេង ប្រាប់ថា ៖«ខ្ញុំពិតជាសប្បាយចិត្តចំពោះការវិលចូលទីលានវិញ និងរីករាយជាមួយនឹងតំណែងជាប្រធានក្រុម ដែលលោកគ្រូ គីម ភក្តី ផ្តល់ជូន ហើយលទ្ធផលឈ្នះសូលទីឡូ ៣-០នេះ គឺមានរឿងល្អច្រើនដែលយើងបានធ្វើ និងចំណុចខ្លះទៀតត្រូវកែលម្អ។ ខ្ញុំសង្ឃឹមថាពួកយើងនឹងធ្វើបានល្អបន្តទៀត ព្រោះអីយើងទើបតែធ្វើការជាមួយលោកគ្រូបាន ២-៣សប្តាហ៍។ អញ្ចឹងធ្វើឱ្យយើងមានចំណុចខ្វះខាតតិចតួចដែរ»។
ជំនួបបឹងកេត និងសូលទីឡូអង្គរ ហុង ផេង លេងបាន៨៤នាទី ហើយត្រូវប្តូរជំនួសដោយកីឡាករ លី វ៉ាហេទ៕