អ្នកប្រដាល់ល្អទាត់ មកពី ក្លឹបវិបុលដារិទ្ធពោធិ៍សែនជ័យ គឺ សោម វិឆ័យ ថាខ្លួនមិនបានបាក់ទឹកចិត្តអ្វីទេបើទោះជាចាញ់វគ្គផ្ដាច់ព្រ័ត្រលើកនេះបាត់បង់ពានរង្វាន់ និងថវិកា ៤០០០ដុល្លារ កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនក៏ដោយ។
សោម វិឆ័យ បានឲ្យដឹងថា ខ្លួនពិតជាមានការសោកស្ដាយមែនទែនដែលរបូតឱកាសឈ្នះពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាមជាមួយរៀមច្បង រិន សារ័ត្ន លើកនេះ។ ការចាញ់លើកនេះអាចថាជារឿងសយមួយសម្រាប់ វិឆ័យ ព្រោះថាដល់ថ្ងៃប្រកួតទៅហើយបែរជាមានជំងឺរាគរហូតជិតដល់ម៉ោងវ៉ៃជាហេតុធ្វើឲ្យខ្លួនអស់កម្លាំងតែម្ដង។
កូនសិស្សលោក ឡុង វិបុល ខាងលើនេះបន្តប្រាប់ទៀតថា មិនងាយមានឱកាសបានឡើងវគ្គផ្ដាច់ព្រ័ត្រ ឬលេងពានរង្វាន់ កម្មវិធីខ្សែក្រវាត់នោះឡើយ ប៉ុន្តែការចាញ់លើកនេះមិនបានធ្វើឲ្យខ្លួនបាក់ទឹកចិត្តបោះបង់ការហ្វឹកហាត់នោះទេ ពោលនឹងខំប្រឹងប្រែងបន្ថែមទៀតដើម្បីមានឱកាសលើកក្រោយទៀត។
រំលឹកដែរថា សោម វិឆ័យ ចាញ់ពិន្ទុកីឡាករ រិន សារ័ត្ន នៅវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ TV5 ទម្ងន់ ៦៣,៥គីឡូក្រាម កាលពីថ្ងៃសៅរ៍ ទី២៣ ខែឧសភា ឆ្នាំ២០២០។ វិឆ័យ ទទួលបានលេខ២ បានពាន១ និងថវិកា ២០០០ដុល្លារ៕