រដ្ឋាភិបាល សិង្ហបុរី នៅថ្ងៃអង្គារនេះបានសម្រេចបន្ថែមថវិកាសង្គ្រោះសេដ្ឋកិច្ចឡើងដល់ជិត១០០ពាន់លានដុល្លារសិង្ហបុរី គឺជាង៧០ពាន់លានដុល្លារអាមេរិក នៅក្នុងកិច្ចប្រឹងប្រែងស្ដារសេដ្ឋកិច្ចដែលត្រូវបានបផ្លាញដោយសារតែវិបត្តិជំងឺ កូវីត-១៩។
នៅថ្ងៃទី២៦ ឧសភានេះ រដ្ឋាភិបាលបានប្រកាសពីការបន្ថែមថវិកា៣៣ពាន់លានដុល្លារសិង្ហបុរី ឬស្មើនឹងជាង២៣ពាន់លានដុល្លារអាមេរិក។
នៅក្នុងការបន្ថែមថវិកាសង្គ្រោះលើកទី៤ ប្រកាសដោយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Heng Swee Keat។ រហូតមកដល់ពេលនេះ សិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុពិភពលោកមួយ បានប្រើប្រាស់ថវិកាសង្គ្រោះសេដ្ឋកិច្ចចំនួន៣លើក ចាប់តាំងពីជំងឺរាតត្បាតចាប់ផ្ដើមរាលដាលក្នុងប្រទេសនេះ ដោយកម្មវិធីសង្គ្រោះត្រូវបានផ្ដល់រហស្សនាមផ្សេងៗគ្នា ដូចជា “នយោបាយជួយសង្គ្រោះការងារ” ជាដើម។
ថវិកាសង្គ្រោះលើកទីមួយ មានទឹកប្រាក់៦ពាន់៤០០លានដុល្លារអាមេរិក ប្រើប្រាស់នៅខែកុម្ភៈ។ ថវិកាសង្គ្រោះលើកទីពីរ មានទឹកប្រាក់៦ពាន៤៨ពាន់៤០០លានលានដុល្លារអាមេរិក ប្រើប្រាស់នៅខែមេសា។ ថវិកាសង្គ្រោះលើកទី៣ប្រើប្រាស់ថវិកា៥ពាន់១០០លានដុល្លារអាមេរិក ប្រើប្រាស់នៅចុងខែមេសា។
រដ្ឋាភិបាលបញ្ជាក់ថា ថវិកាលើកទី៤ នឹងប្រើប្រាស់ផ្ដោតទៅលើនយោបាយទប់ទល់នឹងការបាត់បង់ការងារ រួមទាំងការគាំទ្រអាជីវកម្មដែលរងគ្រោះធ្ងន់ធ្ងរ ពិសេសអាជីវកម្មទាំងឡាយមិនអាចចាប់ផ្ដើមឡើងវិញ។
ទោះជាបានឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការរាតត្បាតនៃមេរោគ សិង្ហបុរី គឺជាប្រទេសទីមួយដែលដាក់បម្រាមមិនឱ្យមានការធ្វើដំណើរមកពីប្រទេស ចិន និងផ្នែកខ្លះនៃប្រទេស កូរ៉េខាងត្បូង ហើយប្រទេសនេះងាយរងគ្រោះបំផុតដោយសារតែសេដ្ឋកិច្ចពឹងផ្អែកដោយច្រើនទៅលើពាណិជ្ជកម្ម។
ប្រទេស សិង្ហបុរី នឹងមានសេដ្ឋកិច្ចធ្លាក់ចុះខ្លាំងបំផុតលើកដំបូងក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ គឺចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យក្នុងឆ្នាំ១៩៦៥។